ក្រុមហ៊ុនអារ៉ាខាវ៉ា នៅថ្ងៃទី២៣ ធ្នូនេះ បានរៀបចំសិក្ខាសាលាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន ពីដំណើរការសាងសង់ ក៏ដូចជានីតិវិធីមួយចំនួន ក្នុងការសន្សំប្រាក់ ដើម្បីទិញលំនៅឋានអារ៉ាខាវ៉ា។
លោកអៀង សុធារ៉ា សហស្ថាបនិកនៃលំនៅឋានអារ៉ាខាវ៉ា បញ្ជាក់ថា គោលបំណង នៃការរៀបចំសិក្ខាសាលាលើកទី១នេះ ដើម្បីពន្យល់ទូទៅពាក់ព័ន្ធ នឹងលំនៅឋានអារ៉ាខាវ៉ា ដូចជាឥទ្ធិពលផ្លូវច្បាប់ នៃដីកម្មសិទ្ធិ ដែលពាក់ព័ន្ធដល់ម្ចាស់កម្មសិទ្ធិជំនាន់ក្រោយ រួមនឹងការពន្យល់ ពីការងារពាក់ព័ន្ធនឹងធនាគារ ដូចជានីតិវិធី នៃការបង់ប្រាក់ជាដើម។
មើលឃើញពីភាពចំបាច់ នៃតម្រូវការភាពជាម្ចាស់ផ្ទះពេញសិទ្ធិ នៃពលរដ្ឋកម្ពុជា ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ ជាង៧០លានដុល្លារអាមេរិក សាងសង់លំនៅឋាន បែបខុនដូ ដែលមានតម្លៃថោក សម្រាប់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យម។
សម្រាប់លក្ខខណ្ឌនៃការទិញ លំនៅឋានArakawaនេះ ត្រូវបានលោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិក នៃក្រុមហ៊ុនអារ៉ាខាវ៉ា បញ្ជាក់ថា ការទិញមិនចាំបាច់បង់ប្រាក់កក់មុនទេ ប៉ុន្តែត្រូវបើកគណនីនៅធនាគារ រួចដាក់ប្រាក់សន្សំនៅក្នុងធនាគារនោះ រយៈពេល៣ឆ្នាំ។ ក្រោយទទួលបានប្រាក់សន្សំ ប្រមាណ៣០ ទៅ៤០ភាគរយ នៃតម្លៃបន្ទប់ គឺយើងត្រូវខ្ចីពីធនាគារបន្ថែម ដើម្បីបង្គ្រប់សម្រាប់ការទិញលំនៅឋាននេះ។
សូមបញ្ជាក់ថា គម្រោង លំនៅឋានអារ៉ាខាវ៉ា បែងចែកជា២ដំណាក់កាលធំៗ ដំណាក់កាលទី១ មាន១០ អគារ ដែលមានប្រមាណជា២០០០ បន្ទប់ (units) ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ដោយក្នុងមួយunit តម្លៃចាប់ពីជាង២ ម៉ឺនដុល្លារឡើងទៅ។ នេះបើតាមការបញ្ជាក់របស់លោកអាឡិច យ៉ាស៊ូម៉ូតូ៕